ពិធីបើកសិក្ខាសាលាស្តីពីយន្តការនៃការឆ្លើយតបទៅនឹងបញ្ហាបន្ទាន់
មតិរបស់ ឯកឧត្តម ភូ លីវុឌ្ឍ អគ្គលេខាធិការនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា(អ.អ.ប.គ.ព/NiDA) ក្នុងពិធីបើកសិក្ខាសាលាស្តីពី“ យន្តការនៃការឆ្លើយតបទៅនឹងបញ្ហាបន្ទាន់” ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០៩។
ឯកឧត្តម ភូ លីវុឌ្ឍ អគ្គលេខាធិការ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា (អ.អ.ប.គ.ព/NiDA) បានមានប្រសាសន៍ក្នុងកិច្ចបើកសិក្ខាសិលាស្តីពី “ យន្តការនៃការឆ្លើយតបទៅនឹងបញ្ហាបន្ទាន់” ដែល អ.អ.ប.គ.ព បានរៀបចំឡើង ក្រោមការឧបត្ថមរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ថា ការបង្កើតក្រុមការងារកម្ពុជាទប់ទល់បញ្ហាបន្ទាន់នៃកុំព្យូទ័រ ហៅ (CamCERT) ដែលនឹងត្រូវស្ថិតនៅក្រោមក្រុមការងារបច្ចេកទេសគ្រប់គ្រងកិច្ចការសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន គឺស្របតាមតម្រូវការទប់ទល់នឹងបញ្ហាដែលកុំពង់កើតមានក្នុងប្រព័ន្ធកុំព្យូទ័រ ក្នុងពេលបច្ចុប្បន្ន ដោយលើកឡើងអំពីបញ្ហាសន្តិសុខព័ត៌មានវិទ្យាដែលគួរអោយព្រួយបារម្មណ៍ ស្របពេលដែលការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានវិទ្យា ក្នុងរដ្ឋាភិបាល ផ្នែកឯកជន និងសង្គមស៊ីវិល កុំពង់មានការរីកចំរើនក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានចែករំលែកបទពិសោធន៍បច្ចេកទេសក្នុងការបង្កើតកម្មវិធីកុំព្យូទ័រដែលពាក់ព័ន្ធទៅនឹង ផ្នែកសន្តិសុខព័ត៌មានវិទ្យា ដែលបានបង្ហាញអោយឃើញថាការស្រាវជ្រាវលើការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ក៏មានភាពចៃដន្តផងដែរ ដែលប្រការនេះអាចបណ្តាលអោយមានបញ្ហាដល់ប្រព័ន្ធកុំព្យូទ័រមិនអាច ដំណើរការបានជាប្រក្រតី ហើយវាក៏ជាគ្រោះថ្នាក់ធ្ងន់ធ្ងរមួយដល់ការបាត់បង់ទិន្នន័យសំខាន់ៗផងដែរ ។ ក្នុងពេលបច្ចុប្បន្នយើងឃើញថាវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យាមានការរីកចំរើនយ៉ាងគំហុគទូទាំងពិភពលោក ក៏ដោយសាមានការស្រាវជ្រាវពីសំណាក់និស្សិត និងអ្នកជំនាញខាងវិទ្យាសាស្រ្តកុំព្យូទ័រ ដែលបង្កើតបានកម្មវិធីជាច្រើនប្រភេទ ក្នុងនោះក៏មានកម្មវិធីបង្ករបញ្ហាសន្តិសុខកុំព្យូទ័រផងដែរ មានដូចជាកម្មវិធី ចំលងមេរោគកុំព្យូទ័រ កម្មវិធីបោកបញ្ឆោតដើម្បីគេញចំណេញលើហេតុផល ណាមួយ កម្មវិធីលួចទិន្នន័យ កម្មវិធីផ្ទេរប្រាក់នៅតាមធនាគារ កម្មវិធីធ្វើអោយដំណើរការកុំព្យូទ័រគាំង ។ល។ បញ្ហាទាំងនេះបានធ្វើអោយពិភពលោកមានការ ចាប់អារម្មណ៍ ហើយឈានដល់ការបង្កើតក្រុមការងារឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ តាមប្រទេសរៀងៗខ្លួនហើយក្រុមការងារទាំងនោះចាំបាច់ធ្វើការទំនាក់ទំនងគ្នា ជូនដំណឹងគ្នា ជាប្រចាំដើម្បីពិភាក្សា រកដំណោះស្រាយបញ្ហាកើតមានថ្មីៗ និងចុងក្រោយបំផុតក្នុងទឹសដៅសហប្រតិបត្តិការរក្សាសន្តិសុខព័ត៌មានវិទ្យាក្នុងពិភពលោក។
ទោះបីប្រទេសកម្ពុជាពុំទាន់មានសកម្មភាពខ្លាំងក្លា ក្នុងការប្រើប្រាស់ប្រព័ន្ធ ធនាគារអេឡិចត្រូនិច ប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច ប្រព័ន្ធជំនួញអេឡិចត្រូនិចពាក់ព័ន្ធនឹងរូបីយប័ណ្ណក៏ដោយ ក៏អ.អ.ប.គ.ព ក្នុងនាមរាជរដ្ឋាភិបាល បានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ដើម្បីទទួលយកនូវការងារដោះស្រាយ និងរក្សាសន្តិសុខព័ត៌មានវិទ្យាដើម្បីជាប្រយោជន៍ក្នុងការ អភិវឌ្ឍប្រទេសអោយមានការរីកចំរើន និងតាមទាន់បណ្តាប្រទេសក្នុងតំបន់។